ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេសក្លាយពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ហើយបន្តប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ នឹងទៅជាប្រទេសអភិវឌ្ឍន៍នៅក្នុងរង្វង់ឆ្នាំ២០៥០ ខណៈបច្ចុប្បន្នកំពុងអនុវត្តន៍កម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០១៣-២០១៤ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោហ៊ុន សែន ថ្លែងថា ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតាខាងលើ គឺពឹងផ្អែកមួយ ផ្នែកធំទៅលើការលើកកម្ពស់សមត្ថភាពប្រជាជន តាមរយៈការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព រត់ឲ្យទាន់សភាពការណ៍វិវត្តន៍របស់ទីផ្សារក្នុងតំបន់ និងពិភពលោក ជាប់ជាប្រចាំ។
សម្ដេច តេជោ ហ៊ុន សែន បានថ្លែងទៀតថា វិស័យអប់រំពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និង ការអភិវឌ្ឍប្រទេស ។ ដូច្នេះចាំបាច់ត្រូវធ្វើឲ្យប្រាកដថា កុមារ និងយុវជន ទទួលបានការសិក្សា អប់រំពេញមួយជីវិតរបស់ពួកគេ ក្នុងនោះការអប់រំត្រូវផ្ដោតលើការផ្ដល់ចំណេះដឹង កាន់តែទូលំទូលាយស៊ីជម្រៅ និងការកសាងកម្រិតជំនាញ វិជ្ជាជីវៈដ៏ច្បាស់លាស់ដល់គរុសិស្ស និស្សិតគ្រប់រួបគ្រប់ស្រទាប់វណ្ណៈ ។ សម្តេចបានថ្លែងបន្តថា យើងត្រួវរួមគ្នាអនុវត្តន៍ នូវកិច្ចការនេះឲ្យកាន់តែបុរេសកម្ម ស៊ីសង្វាក់គ្នា និងត្រូវធ្វើឲ្យបានព្រមៗគ្នា នៅទូទាំងប្រទេស ។ ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមបញ្ជាក់ថា វឌ្ឍនភាព ទាំងនេះមិនមែនជាទីបញ្ចប់នៃការអភិវឌ្ឍវិស័យអប់រំរបស់យើងនោះទេ ផ្ទុយទៅវិញយើងត្រូវតែចូលរួមឲ្យកាន់តែ បុរេសកម្ម បន្ថែមទៀត នៅក្នុងវិស័យ អប់រំ និងការបណ្ដុះបណ្ដាលដោយយកចិត្តទុកដាក់ ទាំងគុណភាព និងបរិមាណ ប្រកបដោយភាពស្វាហាប់មោះមុត ដើម្បីឲ្យកុមារ និងយុវ ជនយើងទទួលបានការអប់រំ និងការបណ្ដុះបណ្ដាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាបានផលិតភាព និងតម្លៃបន្ថែមកាន់តែខ្ពស់ និងធានាឧត្ដមភាពប្រកួតប្រជែង ក្នុងបរិការណ៍ នៃសមាហរណកម្មតំបន់ ជាសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ ខាងមុខនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅម្ពុជាមានសាលាមត្តេយ្យសិក្សា និងចំណេះទូទៅ ទាំងរដ្ឋ និងឯកជនចំនួន១៤ ៨៥៣ សាលាបឋមសិក្សាចំនួន៧ ២៣៦ អនុវិទ្យាល័យចំនួន១ ២៧៩ វិទ្យាល័យចំនួន ៥៣១ មានសិស្ស និស្សិតនិស្សិតគ្រប់ភូមិសិក្សាប្រមាណ ៣,៥ លាននាក់កំពុងសិក្សារៀនសូត្រ ។ គ្រឹះស្ថានឧត្ដមសិក្សា មានចំនួន ១០៥ ក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមាន៣៩ និងឯកជនមាន៦៦ ដែលមានទីតាំងស្ថិតនៅតាមរាជធានី ខេត្ត ១៩ ។ និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតមានចំនួន២៧១ ៥០៣ នាក់ ក្នុងនោះនារីមាន ៣៨ ភាគរយ ។ បុគ្គលិកសិក្សានៅទូទាំងប្រទេសចំនួន ១១២ ៧០៤ នាក់ ៕
ដោយ៖ សស្អាត