ភ្នំពេញៈ យោងតាមរបាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររបស់ក្រសួងទេសចរណ៍បង្ហាញឱ្យដឹងថាប្រទេសកម្ពុជាទ ទួលបានប្រាក់ចំណូលសរុបប្រមាណ២,៥ ពាន់លានដុល្លារពីវិស័យអេកូទេសចរណ៍ ហើយបានកើនឡើង១៣,៦ភាគរយបើធៀបទៅនឹងឆ្នាំ២០១២ ដែលពេលនោះកម្ពុជាទទួលបានប្រាក់ចំណូលត្រឹមតែជាង២,២ពាន់លានដុល្លារប៉ុណ្ណោះ។
របាយការណ៍នោះបន្ថែមថាភ្ញៀវទេសចរអន្តរជាតិសរុបជាង៤,២លាននាក់បានមកទស្សនាក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៣ គឺមានកំណើន១៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំ២០១២ ដែលមានភ្ញៀវទេសចរអន្តរជាតិចំនួនតែ៣,៥លាននាក់បានចូលមកកម្ពុជា។យ៉ាងណាមិញនោះភ្ញៀវទេសចរណ៍បរទេសដែលបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជាតាមរយៈជើងយន្តហោះមានចំនួនសរុបជាង២លាននាក់ ដែលក្នុងនោះភ្ញៀវមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានជាង ៨៣,៦ ម៉ឺននាក់ និងមកតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាង១,១៨លាននាក់។រីឯភ្ញៀវទេសចរដែលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹកវិញគឺមានចំនួនសរុបជាង២,១៩លាននាក់ផងដែរ។
បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីឆ្នាំ២០១៣កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាក្នុង ប្រទេសកម្ពុជា ច្រើនជាងគេគឺភ្ញៀវទេសចរជាជនជាតិវៀតណាម មានប្រមាណជាង ៨៥,៤ ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវជនជាតិចិនមានប្រមាណជាង ៤៦,៣ ម៉ឺននាក់ ជនជាតិកូរ៉េមានចំនួន ៤៣,៥ ម៉ឺននាក់ ជនជាតិឡាវចំនួន ៤១,៤ ម៉ឺននាក់។ ក្រៅពីនេះ ក៏មានភ្ញៀវជាជនជាតិថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្ស៊ី និងបារាំងជាដើម ក៏បានចូលមកលេងក្នុងប្រទេសកម្ពុជាក្នុងចំនួនច្រើនផងដែរ៕ ដោយ៖ ភីន រ៉ា