ភ្នំពេញៈ ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារទេសចរឆ្នាំ២០១២-២០១៣ និងទិស ដៅអនុវត្តបន្តទេសចរកម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥ និងការប្រកាសលទ្ធ ផលវាយតម្លៃដំណាក់កាលដំបូង នៃការប្រឡងប្រណាំងទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០ ១៤ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,២១០,១៦៥នាក់ ក្នុងកំណើន១៧,៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១២ ក្នុងនោះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក៧៦ភាគរយមកពីអឺរ៉ុប១៦ភាគរយ។
លោក ថោង ខុន បន្ថែមថា ក្នុងចំណោមទីផ្សារសំខាន់ទាំង១០របស់កម្ពុជាមានវៀតណាម ចិន កូរ៉េ ឡាវ ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្សី បារាំង ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ៧លាននាក់ ដែលមានកំណើនប្រមាណ៣ភាគរយ ដោយបាននាំចំណូលប្រមាណ២,៥៤៧លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជា ស្មើ នឹង១៥,៥ភាគរយ នៃGDP និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា តាមព្យាករណ៍ឆ្នាំ២០១៤កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិ ៤,៧នាក់ ហើយឆ្នាំ២០១៥ ប្រមាណ ៥ លាននាក់ ឆ្នាំ២០២០ កម្ពុជាអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥ ទៅ ៨លាននាក់ ជាមួយនឹងចំណូលជាតិសរុបប្រមាណ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ ប្រមាណ ៨៥លាននាក់។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់ នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងមូលដ្ឋានសម្រាប់ធានាចីរភាពកំណើន នៃទេសចរណ៍។ ជាការពិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងទទួលបានសមិទ្ធផលធំៗ ហើយវិស័យទេសចរណ៍ត្រូវបានទុកជាវិស័យអាទិភាពដ៏សំខាន់មួយក្នុង ការកសាងសេដ្ឋកិច្ច សង្គមដោយបាននាំនូវចំណូលជូនជាតិផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ៕
ដោយៈ ភីនរ៉ា