ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ២០១៤នេះ បានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអាគារវះកាត់ឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ នៅជាន់ទី៣ នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ -សូវៀត ដែលបានធ្វើការជួសជុល និងសាងសង់បន្ទប់រួចរាល់ដោយចំណាយអស់ទឹកប្រាក់ ចំនួន១៦២,១៥២.៧២ដុល្លាអាមេរិក ជាជំនួយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន។ លោក សាស្រ្តចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ -សូវៀតបានថ្លែងឲ្យដឹងថា មន្ទីរពេទ្យមិត្តភាព ខ្មែរ -សូវៀត បានសហការណ៍ជាមួយអង្គការ Operation Smile ធ្វើការជួសជុល និងសាង់សងបន្ទប់វះកាត់នៅជាន់ទី៣នៃមន្ទីតពេទ្យនេះ ដើម្បីទទួលធ្វើការវះកាត់ មាត់ឆែប ជូនកុមារកម្ពុជា ក្រោមជំនួយថវិកាពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន ពិសេសដោយមានការចង្អុលបង្ហាញពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះ អង្គការ Operation Smile អន្តរជាតិ បានជួយឧបត្ថម្ភនូវឧបករណ៍វះកាត់ និងគ្រឿងបរិក្ខាវេជ្ជសាស្រ្តជាច្រើនមុខ ដល់មនកទីរពេទ្យ និង អង្គការ Operation Smile កម្ពុជា ដែលមានថវិកាសរុបប្រមាណជា ២,៦៦៣,១៨០ ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ក្នុងការធ្វើបេសកកម្មវះកាត់ដល់កុមារកម្ពុជាដែលមានបញ្ហាមាត់ឆែប ឆែបក្រអូម និងពិការ មុខមាត់។ ថ្លែងក្នុងពិធីសម្ពោធបើកឲ្យដំណើរការអាគារនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាមាត់ឆែបនេះថ្វីត្បិតតែមិនប៉ះពាល់ដល់អាយុជីវិត តែវាធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់ពួកគាត់ នៅពេលដែលគាត់ធំដឹងក្តីឡើង ហើយមានអវៈយវៈបែបបនេះ ។ ដូច្នេះការបង្កើតឲ្យមានអាគារវះកាត់នេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយលើកទឹកចិត្ត ក៏ដូចជាផ្តល់នូវភាពជឿជាក់ សេចក្តីត្រូវការរបស់ប្រជាជនយើង ដែលមានសភាពដូចនេះ ហើយគ្មានលទ្ធភាពធ្វើការវះកាត់នៅមន្ទីរពេទ្យឯកជន ។
លោកឧត្តមសេនីយ៍បានជម្រុញឲ្យក្រុមគ្រូពេទ្យទាំងអស់ប្រតិបត្តិខ្លួនឲ្យបានល្អ ជាគ្រូពេទ្យ ដែលមានសប្បុរសធម៌ និងគុណធម៌ ជួយព្យាបាលបញ្ហានេះជូនប្រជាជន និងកុមារកម្ពុជាទាំងអស់ ដើម្បីធ្វើឲ្យសកម្មភាពមនុស្សធម៌នេះកាន់តែរីកសាយភាយកាន់តែខ្លាំងនៅក្នុងពិភពលោក ។ ចំណែកលោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អាគារវះកាត់ថ្មីនេះ ពិតជាបានឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា និងពិត ជាបានរួមចំណែកដ៏ធំធេងរបស់សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការកសាង អភិវឌ្ឍន៍ វិស័យសុខាភិបាលនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ លោករដ្ឋមន្រ្តីបានរំលឹកថា ចាប់តាំងពីឆ្នាំ២០០២រហូតដល់ឆកនាំ២០១៤នេះ អង្គការ Operation Smile កម្ពុជាបានជួយធ្វើការវះកាត់ដោយឥតបង់ប្រាក់ និងជួយឧបត្ថម្ភដល់ការស្នាក់នៅ អាហារហូបចុក ចំណាយក្នុងការធ្វើដំណើរជូនប្រជាជនមកពីមន្ទីរពេទ្យតាមបណ្តាររាជធានី\ខេត្ត បានចំនួន៣៥លើក ដែលមានមនុស្សចំនួន៣២៩២នាក់។
អង្គការ Operation Smile មានគ្រូពេទ្យជំនាញ ឯកទេសផ្នែកវះកាត់ និងគ្រូពេទ្យជំនាញជាច្រើនផ្នែកទៀតមកពីប្រទេស អាមេរិក កាណាដា វៀតណាម ហ្វីលីពីន ឥណ្ឌា ចិន អង្គគ្លេស និងអូស្រ្តាលី ចូលរួមជាមួយមន្ទីរពេទ្យយើង ក្នុងការផ្តល់សេវាថែទាំព្យាបាលជូន ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងពិការភាពនៅកម្ពុជា ៕ ដោយ៖ សស្អាត